រាជរដ្ឋាភិបាល នឹងផ្ដល់សំណងយ៉ាងសមស្រប ដល់ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ
ខេត្តកណ្តាល ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងគិតគូរសិក្សាយ៉ាងលម្អិត និងវាស់វែងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ សំដៅធានា ការផ្ដល់សំណងយ៉ាងសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។
ថ្លែងក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រជាតិ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ សីហា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថាគម្រោងព្រែកជីកហ្វូណនតេជោបង្ហាញឱ្យឃើញអំពីឆន្ទៈដ៏មុតមាំ ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា ដែលបាននាំយកសន្តិភាព និងការបង្រួបបង្រួមជាតិមាតុភូមិ ដោយប្រើរូបមន្តពិសេសគ្មានពីរ គឺ «នយោបាយឈ្នះ-ឈ្នះ» ប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដី និងដោយស្ថិតក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាអាណត្តិទី៧ ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា «ចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធដីធ្លី ផ្ទះសំបែង ស្រែចំការ ដែលនឹងរងផលប៉ះពាល់ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខ្ញុំបាទសូមធ្វើការបញ្ជាក់អះអាងជូន បងប្អូនថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការនឹងគិតគូរសិក្សាយ៉ាងលម្អិត និងវាស់វងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់នេះ សំដៅធានា ការផ្ដល់សំណងយ៉ាងសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភ ពីបញ្ហាផលប៉ះពាល់នេះ» ។
ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃស្ថាប័ន ទទួលបន្ទុកអនុវត្តន៍ សូមធ្វើការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទះខ្ពស់ ចូលរួមការងារសាងសង់ព្រែកជីកហ្វូណនតេជោ ឲ្យបានជោគជ័យ និងលេចចេញជារូបរាង ក្នុងឆ្នាំ២០២៨ខាងមុខ ដើម្បីបន្សល់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់កូនចៅខ្មែរគ្រប់ៗជំនាន់បន្តទៅមុខទៀត ។
ឯកឧត្តមបានលើកឡើងថាក្នុងបរិការណ៍ចូលរួមសម្រេចឱ្យបាននូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ និងប្រកបដោយឆន្ទៈដ៏មុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមឯកឧត្តមផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃស្ថាប័នទទួលបន្ទុកអនុវត្ត បានប្តេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ចូលរួមអនុវត្តការងារសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានជោគជ័យ និងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០២៨ ខាងមុខ ដើម្បីបន្សល់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់កូនចៅខ្មែរគ្រប់ៗជំនាន់បន្តទៅមុខទៀត ។
សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវចំណាយពេលសាងសង់រយៈពេលប្រមាណ៤៨ខែ ហើយគ្រោងនឹងចប់រួចរាល់នៅក្នុងអំឡុងឆ្នាំ ២០២៨ខាងមុខ។ គម្រោងព្រែកជីកនេះត្រូវចំណាយថវិការទន់វិនិយោគប្រមាណ១ពាន់៧រយលានដុល្លាអាមេរិក ។ គម្រោងនេះត្រូវបានចែកចេញជាពីកំណាត់ ក្នុងនិងកំណាត់ទី១ មានចម្ងាយ២៦គីឡូម៉ែត្រ ចេញពីព្រែកតាកែវ នៃទន្លេរមេគង្គទៅដល់ព្រែកគរ នៃទន្លេរបាសាក់ដោយវិនិយោគទន់ ដោយសហគ្រាសសាធារណៈនិងក្រុមហ៊ុនក្នុងស្រុក។ ចំពោះកំណាត់ទី២វិញមានចម្ងាយ១៥៩គីឡូម៉ែត្រ ចេញពីទន្លេរបាសាក់ខេត្តតាកែវរហូតដល់សមុទ្រខេត្តកែប ត្រូវវិនិយោគរួមគ្នារវៀងសហគ្រាសសាធារណៈ ក្រុមហ៊ុនស្រុក និងក្រុមហ៊ុនសាជីវកម្មកសាងស្ពាន ថ្នល់ ។ ការវិនិយោគនេះនឹងត្រូវវិនិយោគគ្រោមរូបភាព សាងសង់ផ្ទេរ(BOT)៕
Post a Comment