សម្តេចមហាបវរធិបតី ហ៑ុន ម៉ាណែត៖តម្លៃអ្នកព័ត៌មានកក្តា៣រស់យូរអង្វែងសុក្រឹតភាពសុចរិតភាពនិងទំនួលខុសត្រូវ
ភ្នំពេញ÷ប្រសាសន៍នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាដែលឆ្នាំនេះបានប្រព្រឹត្តទៅក្រោមប្រធានបទ៖«ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហានផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ»នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាបើចង់ឱ្យតម្លៃសារព័ត៌មានរបស់ខ្លួនអាចរក្សាបាននូវជំនឿជឿជាក់ពីសំណាក់ទស្សនិកជនអ្នកអានអ្នកស្តាប់នោះចាំបាច់ណាស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនចំនួន៣នោះគឺសុក្រឹតភាពសុចរិតភាពនិងទំនួលខុសត្រូវ។
សម្តេចធិបតីបានមានប្រសាសន៍ថា៖ព័ត៌មានគឺជាការឆ្លុះបញ្ចាំងនៃការវិវឌ្ឍន៍សង្គមរបស់យើង។បើសិនប្រជាពលរដ្ឋកាន់តែស៊ីវិល័យគាត់នឹងឱ្យតម្លៃទៅលើព័ត៌មានដែលមានការទទួលខុសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានតម្លៃគ្រប់គ្រាន់។បើព័ត៌មានមិនមានការទទួលខុសត្រូវ វាអាចកើតឡើងមួយឆាវពោលគឺធ្វើឱ្យគេចាប់អារម្មណ៍។ប៉ុន្តែគ្មានចីរភាពទេ។ដំបូងគេគិតថាល្អហ្អេ៎!ដូចទំនង តែនៅពេលចេញទៅខុយខុយ… ចេញទៅគេវិលមុខ អត់ត្រូវសោះ! អញ្ចឹងបន្តិចទៀតគេលែងជឿហើយ ។ទោះបីយ៉ាងណាបើយើងមានមូលដ្ឋានច្បាស់លាស់មានកង្វះខាតមួយចំនួនមិនអាចល្អឥតខ្ចោះមែន ហើយយើងប្រកាន់គោលជំហរច្បាស់លាស់ ហើយធានានូវព័ត៌មានលឿនសុក្រឹតភាព និងគ្រប់ជ្រុងជ្រោយមិនលំអៀង នេះហើយគឺជាតម្លៃនៃសារព័ត៌មាននិងស្ថានីយសារព័ត៌មាននីមួយៗ។ទាំងអស់នេះហើយគឺជាតម្លៃពិតដែលបងប្អូនកសាង បងប្អូនថែរក្សា បងប្អូនធ្វើឱ្យសារព័ត៌មានរបស់យើងកាន់តែទទួលខុសត្រូវនិងកាន់តែទទួលស្គាល់និងឱ្យតម្លៃពីសំណាក់ប្រជាពលរដ្ឋ។សម្តេចមានប្រសាសន៍ថា”យើងត្រូវរួមគ្នាបន្តទៀតដើម្បីថែរក្សា។នេះជាការពិតគ្មាននរណាស្រឡាញ់អាជីព អ្នកសារព័ត៌មាន ជាងអ្នកសារព័ត៌មានទេ ហើយគ្មាននរណាអាចថែរក្សា បង្កើនតម្លៃក្នុងអាជីពនេះជាងអ្នកសារព័ត៌មានខ្លួនឯងទេ។នេះជាការចាំបាច់ “។សម្តេចបវរធិបតីបានថ្លែងបញ្ជាក់បន្ថែមថាការថែរក្សានៃតម្លៃនេះ គឺពិតជាបានពឹងផ្អែកទៅលើកត្តាជាច្រើនក្នុងចំណោមនេះការប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈបានច្បាស់លាស់ ដែលក្នុងនោះមានកត្តា៣សំខាន់គឺ កត្តាទី១សុក្រឹតភាពទី២សុចរិតភាពនិងទី៣ទំនួលខុសត្រូវ ។មាន៣កត្តានេះរស់បានយូរមានន័យថាមាន៣កត្តានេះទទួលបានការគាំទ្របានយូរអង្វែងហើយបើគ្មានកត្តាទាំង៣នេះទេសារព័ត៌មានណាក៏មិនអាចបានដែរ។បើយើងគ្មានសុក្រឹតភាពដាក់អ្វីមិនប្រាកដនោះ។សម្តេចហ៊ុនម៉ាណែតបានមានប្រសាសន៍ដែរថាអ្នកសារព័ត៌មានខុសពីអ្នកផ្សព្វផ្សាយនយោបាយ ។បើយើងយកអាជីពជាវិជ្ជាជីវៈយើងត្រូវប្រកាន់ទី ១សុក្រឹតភាព ។ពាក្យថាសុក្រឹតភាពនេះគឺដើម្បីឱ្យគេចង់ដឹង មានព័ត៌មានអ្វីភ្លាមគេទៅមើលភ្លាម!ពីព្រោះថាវេបសាយនេះធ្លាប់តែផ្សាយព័ត៌មានដែលសុក្រឹតអញ្ចឹងគេមិនបាច់ទៅចំណាយពេលទៅមើលព័ត៌មាន១០ទៅ២០ទៀតទេ គេមើលមួយហ្នឹង!អញ្ចឹងសុក្រឹតភាពគឺជាកត្តាចាំបាច់ ។អ្វីទៅសុក្រឹតភាពបើយើងមើលនិយមន័យគឺភាពនៃវត្ថុដែលគេធ្វើដោយល្អប្រពៃឬហៅថាល្អឥតខ្ចោះ។ពិតណាស់គ្មានអ្វីដែលល្អឥតខ្ចោះនោះទេក្នុងលោកនេះ។ប៉ុន្តែយើងមានគោលដៅនិងទិសដៅ របស់យើងធ្វើឱ្យល្អឥតខ្ចោះ។នេះហើយគឺអ្វីដែលយើងត្រូវធ្វើ។បានន័យថាយើងត្រូវខិតខំកាត់បន្ថយភាពមិនល្អរបស់យើង ភាពកង្វះខាតរបស់យើង ជាបន្តបន្ទាប់ដើម្បីឈានទៅដល់ភាពល្អ។នេះហើយគឺការដាក់ទិសដៅមួយដ៏ធំ។សម្តេចបវរធិបតីបានលើកឡើងដោយគូសបញ្ជាក់ថា”បើយើងគិតថាខុសក៏ខុសទៅ មិនចាំបាច់កែទេ អាហ្នឹងយើងចប់ ខុសមួយទៅជាកំហុស២ ហើយវានឹងក្លាយជាការបាត់បង់នូវជំនឿទុកចិត្ត។សម្តេចបវរធិបតីបានថ្លែងដែរថាអ្នកសារព័ត៌មានមិនមែនផ្សព្វផ្សាយតែបញ្ហាសង្គមទេពោលគឺបងប្អូនខ្លះផ្សព្វផ្សាយរឿងសេដ្ឋកិច្ច បងប្អូនខ្លះផ្សព្វផ្សាយរឿងសុខភាព ខ្លះផ្សព្វផ្សាយរឿងផលិតផលសំខាន់គឺសុក្រឹតភាព។ការធានាបាននូវសុក្រឹតភាពនេះបើទោះយើងមិនបានល្អឥតខ្ចោះគ្មាននរណាដឹងបានគ្រប់ជ្រុងជ្រោយទេ។សូម្បីតែCNN ផ្ទុះនៅកាហ្សាមិនអាចដឹងព័ត៌មានគ្រប់ទេ ។ប៉ុន្តែគេត្រូវផ្សាយព័ត៌មាននេះតាមកម្រិតណាមួយ។អញ្ចឹងយើងចាំបាច់ត្រូវច្បាមយកការស្រាវជ្រាវយកច្រើនប្រភពដែលអាចធ្វើទាន់ដែលជាប្រភពដែលអាចទុកចិត្តបានគ្រប់គ្រាន់មួយចំនួនដើម្បី យកទៅផ្សាយ។សូមជម្រាបជូនថា ក្នុងសារលិខិតសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានហៅទិវាសេរីភាពសារព័ត៌មាននេះថាជាថ្ងៃដ៏មានអត្ថន័យ ដែលរំឭកពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ ក៏ដូចជាទិវារំឭកដល់វីរភាព និងការលះបង់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតត្រឹមត្រូវជូនសាធារណជន ដោយសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ៕ប្រភពSTPM |
Post a Comment