ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា
គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។
ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត
អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង
នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រុមជ្រុលនិយម
បានធ្វើសកម្មភាពបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាល តាមបណ្ដាញទំនាក់ទំនងសង្គម
ដោយពីដំបូងបានអូសទាញយុវជនក្នុង និងក្រៅប្រទេស
ឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
(CLV)
ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល
ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ
និងកងកម្លាំងទាំងអស់ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស
ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សា ការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ
ប្រកបដោយទំនួលខុសត្រូវ
ក្នុងនោះក៏រួមទាំងការរួមចំណែកទប់ស្កាត់ផែនការធ្វើកុបកម្មរបស់ក្រុមប្រឆាំង
កាលថ្ងៃទី១៨ ខែសីហាផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ក៏បានគូសបញ្ញាក់ថា ក្រុមប្រឆាំងជ្រុលនិយម
បានព្យាយាមបំផុសអុជអាលឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន
មានការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរ និងកងកម្លាំង។ ប៉ុន្តែដោយសារអំពើល្អ
សច្ចធម៌នៃសុខសន្តិភាព និងការអភិវឌ្ឍ
ប្រជាពលរដ្ឋដ៏ច្រើនលើសលប់បានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល អាជ្ញាធរ
និងកងកម្លាំង ដើម្បីថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយ
ដែលនាំឱ្យមានការបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំង
នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា ក៏បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នូវអង្ករ ចំនួន
១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស
និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ៕
Post a Comment