រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីបុណ្យរំលឹកខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤

 

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញដាក់កម្រងផ្កា ក្នុងការប្រារព្ធពិធីបុណ្យរំលឹកខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួម ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តម សេនីយ៍ស្នងការ មេបញ្ជាការ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ក្មួយៗ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក.យ៉ាងច្រើនកុះករ នៅ ទីតាំងសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង។

ឯកឧត្តម ស្បោង សារ៉ាត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បង ប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងខេត្តព្រៃវែងទាំងអស់ ឯកឧត្ដម សូមអាននូវព្រះរាជបូជនីយ កិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ” ក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជា ថា៖ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ជាខួប៧១ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលប្រជាជាតិ កម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ ក្លៀវក្លារបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។ ប្រទេសបារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិកម្ពុជាយើង អស់ រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា៖ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭក គុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបាន ធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យសិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់ សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ។ បើទោះបីព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូ ទាមទារឯករាជ្យពីប្រទេសបារាំង បានយាងចូលទិវង្គតអស់រយៈពេល១១ឆ្នាំទៅហើយក្តី តែព្រះស្នាព្រះហស្ថ ដ៏ជាញជ័យក្នុងការនាំមកនូវសិទ្ធិសេរីភាពពីប្រទេសបារាំង បានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គនៅតែចងចាំ ក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជព្រះបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ៕















Powered by Blogger.