អគារមួយខ្នង ដែលមានបណ្ដោយ ២១ ទទឹង ៨ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កសាងជូនទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៧ នៅស្រុកព្រះស្តេច

 


ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៧ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមួយខ្នង ដែលមានបណ្ដោយ ២១ ទទឹង ៨ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ  សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ០១.០២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលស្ថិតនៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ០១.០២ មានប្រសាសន៍ថា នេះគឺជាទឹកចិត្តដ៏ធំធេងរបស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ដែលបានចំណាយធនធាន ថវិកា ផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងអាគារ ស្នាក់ការសម្រាប់កងកម្លាំងស្នាក់នៅ ឲ្យមានកន្លែងធ្វើការត្រឹម ល្អ ស្អាត ត្រូវ  មានសុវត្ថិភាព និងផាសុខភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ក៏បានមានប្រសាសន៍បន្ថែមទៀតថា កងកម្លាំងនគរបាលជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាព ការពារជាតិការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេស បូរណភាពទឹកដីសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់ កងកម្លាំងទាំងអស់ត្រូវ ខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ ជាពិសេស ត្រូវការពារឲ្យបានជាដាច់ខាត ចំពោះក្រុមជ្រុលនិយមណាមួយដែលមានចេតនាចង់ប៉ុនប៉ងផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នឹងត្រូវថែទាំនូវសមិទ្ធផលថ្មីដែល នឹងលិចរូបរាងនៅពេលខាងមុខនេះឲ្យបានគង់វង់យូអង្វែង។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ជឹម រតនា ស្នងការរងនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តែងអនុវត្ត ការងារជាប់ជាប្រចាំនោះគឺ៖ ការពារបូរណៈភាពទឹកដី និងការពារបង្គោលសីមាព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។   ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទមានដូចជា៖ បទល្មើសលបលួចឆ្លងដែន បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងអនីតិជន បទ ល្មើសសេដ្ឋកិច្ច បទល្មើសធនធានធម្មជាតិជាដើម (.ល.) ។ ជាពិសេស សហការជាមួយអជ្ញាធរមូលដ្ឋាននៃបណ្តាឃុំ ជាប់ព្រំដែន និងបណ្តាអធិការដ្ឋាននគរបាលស្រុកជាប់ព្រំដែនជានិច្ចជាកាលនិយាយជារួម និយាយដោយឡែកតែង សហការជាមួយស្ថាប័នពាក់ព័ន្ធនានាដែលឈរជើងនៅតាមច្រកទ្វារព្រំដែនទាំងអស់ និងអនុវត្តន៍គោលនយោបាយ
ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕





























Powered by Blogger.