ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសាលាខេត្តព្រៃវែង។
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថាសន្និបាតនេះ គឺជាឱកាសសម្រាប់បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ដើម្បីពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាព ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មីឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។
ឯកឧត្ដម អភិបាលខេត្ត បន្តរថា ជាមួយគ្នានេះ អង្គសន្និបាតទាំងមូល បានប្តេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលខេត្តឆ្នាំ២០២៥ បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយចំនួន។
ឯកឧត្តមសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តនានា បានសម្រចនូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិមាតុភូមិ ជាពិសេសការដោះស្រាយប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិ និងបញ្ហាប្រឈមនានា ព្រមទាំងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា។
ឯកឧត្តមសន្តិបណ្ឌិត បានបន្ថែមថា អង្គសន្និបាត ក៏បានកត់សម្គាល់ឃើញថា ការធ្វើសមាហរណកម្មក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក កន្លងមកនេះ នៅតែជាកត្តាចាំបាច់ដែលបានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក បន្តជារដ្ឋបាលមួយប្រកបដោយថាមពល ម្ចាស់ការ ទាំងបុគ្គលិក ទាំងធនធាន ដើម្បីប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបខ្ពស់ជាងមុន។ ចំពោះការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្ដការច្រកចេញចូលតែមួយ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំ សង្កាត់ បានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រ សាទរពីប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវា ដោយរាជរដ្ឋាភិបាលបានបង្ខិតសេវាឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំពើពុករលួយ៕
Post a Comment