ឯកឧត្តម សួន សុម៉ាលីន ណែនាំឲ្យមន្ទីរអង្គភាពអាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំងអស់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងដើម្បីប្រជាពលរដ្ឋ
ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រៃវែង មានប្រសាសន៍ណែនាំដល់ រដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដែលការលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។
ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំ ដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង ត្រូវពិនិត្យទៅលើទីកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បានត្រឹមត្រូវច្បាស់លាស់ ដើម្បីការពារ ការបង្ករគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈនិងណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំ អនាម័យ សោភ័ណភាព តាមដងផ្លូវ ទីប្រជុំជនជាពិសេសនៅតំបន់ផ្សារ ឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដ៏ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវណ្ណភាព ព្រមទាំងបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំបន្ថែមទៀតថាសូមឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត។ ធ្វើយ៉ាងណាដើម្បីធានាដែលសុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្នាក់នៅ ប្រកបដោយសុវត្ថិភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់កម្លាំងមានសមត្ថកិច្ចដែលខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងមក ហើយនិងសូមឲ្យខិតខំនៅការងារនេះបន្តរទៀត។
ឯកឧត្តម អភិបាលខេត្ត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តដោយតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួរខុសត្រូវខ្ពស់និងប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមកនោះផងដែរ៕
Post a Comment