រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
ព្រៃវែង៖ នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា ទិវានារីអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បាន ប្រកាសជាថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកនាឆ្នាំ ១៩៧៧។ ប្រទេសកម្ពុជា បាន រៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកិច្ចការនារីជាសេនាធិការ បានជ្រើសរើសយក ប្រធាន បទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះ ស្ត្រី និងក្មេងស្រីគ្រប់រូប ក្នុងគោលបំណង ដើម្បីគូស បញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការ សហប្រជាជាតិ និងប្រារព្ធទិវាអន្តរជាតិនារីដើម្បីអបអរសាទរខួបទី៣០ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង (ប៉េ កាំងបូក៣០) ហើយស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹង ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
ជាមួយគ្នានេះដែរ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ក្នុងសទវត្សទី២១នេះកម្ពុជាបច្ចុប្បន្នបានផ្តល់តម្លៃខ្ពស់លើតួនាទីស្ត្រី និងបានលើកតម្កើងតម្លៃស្ត្រីបានល្អប្រសើរ។ ចំណុចនេះបង្ហាញពីភាពរីកចម្រើន និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយបានខិតខំលើកតម្លៃស្ត្រីស្មើនឹងបុរស ហើយតម្លៃនៃការងារដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គឺកិច្ចការងារនៅក្នុងផ្ទះ គឺមានតម្លៃស្នើនឹងការងារនៅក្រៅផ្ទះ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនានេះ មិនមែនត្រឹមតែសំដៅទៅលើថានារី មានសិទ្ធិធំ ជាងបុរសនោះទេ ពោលគឺមានសិទ្ធស្មើៗគ្នា។ ដូច្នេះ នេះជាមោទនភាពដែលកម្ពុជា ជាប្រទេសទើបតែឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ហើយសន្តិភាពកម្ពុជា បានត្រឹមតែរយៈពេល ២៦ឆ្នាំក៏ដោយ តែការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិស្ត្រី ការលើកតម្កើង និងផែនការយេនឌ័រ នៅកម្ពុជា ត្រូវបានកោតសរសើរ ព្រមទាំងទទួលស្គាល់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក អង្គការអន្តរជាតិ»។ ជាមួយនឹងសមត្ថភាពរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនោះទេ, ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិបានបញ្ចូលតួនាទីរបស់ស្ត្រីនៅក្នុងក្របខណ្ឌថ្នាក់ដឹកនាំចាប់តាំងពីតួនាទីកំពូលៗ រហូតដល់មូលដ្ឋាន គឺតែងតែមានវត្តមានរបស់ស្ត្រីចូលរួមជានិច្ច។ ការចូលរួមរបស់ស្ត្រីបានផ្តល់ធាតុចូលបន្ថែមដើម្បីចូលរួមសម្រេចចិត្តលើកិច្ចការងារសង្គមជាច្រើនផងដែរ។ នៅក្នុងសង្គមកម្ពុជា តួនាទីរបស់ស្ត្រី ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមគ្រួសារវិញ ប្រសិនបើគ្មានភរិយានៅចាំជួយបង្កឱកាសឱ្យប្តីធ្វើកិច្ចការងារ ឬមិនជួយទ្រនូវការងារជាច្រើននៅក្នុងផ្ទះនោះទេ ប្រហែលប្តីមិនមានឱកាសចេញបំពេញការងារដោយមានសេរីភាពនោះទេ។ ដូច្នេះ បើទោះបីនៅក្នុងសង្គម និងគ្រួសារ ស្ត្រីគឺមិនអាចកាត់ផ្តាច់បាននោះទេ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ដំណើរការជោគជ័យរបស់ក្រសួង ស្ថាប័ននានា ដោយទទួលបានការកោតសរសើរ ក៏មិនអាចកាត់ផ្តាច់បានពីតួនាទីរបស់ស្ត្រីជាមន្ត្រីរាជការ ដែលបានចូលរួមចំណែកបំពេញកិច្ចការងារប្រចាំថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរឧកញ៉ា ជឹម សុខ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ ២០២៥ ចំនួន ២ ម៉ឺនដុល្លារផងដែរ៕
Post a Comment