ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន៖ ការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ធានាដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់
ព្រៃវែង៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ក្នុងខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន មានប្រសាសន៍លើកឡើងថា លើការងារសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបានយ៉ាងល្អប្រសើរ ដែលកើតចេញពីការយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន និងត្រូវបន្តយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសកម្មមួយចំនួន សំដៅ បង្កលក្ខណៈសុខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អ ប្រសើរ។
ឯកឧត្តមសន្តិបណ្ឌិត ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគបាលខេត្ត ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនោះបានជំរុញនូវការផ្សព្វផ្សាយ និងការៀបចំវេទិការសាធារណៈនៅមូលដ្ឋាន ដើម្បីបង្កើននូវការស្រឡាញ់ជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មក លើកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបានស្ម័គ្រចិត្តចូលរួមក្នុងចលនាប្រជាការពារ យាមកាមការពារភូមិ ឃុំ ។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លើកឡើងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ដឹកនាំ- បានជំរុញសកម្មភាពការងាររបស់ក្រុមលេខាធិការដ្ឋាន-ក្រុមសេនាធិការ និងក្រុមការងារខេត្ត ចុះ តាមមូលដ្ឋាន ឃុំ-សង្កាត់ បន្តការងារដឹកនាំត្រួតពិនិត្យ កែលម្អការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ថ្នាក់ ស្រុក/ក្រុង ឃុំ-សង្កាត់ តាមផែនការសកម្មភាព និងទិសដៅ ត្រូវអនុវត្ត- បានបន្តបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារត្រួតពិនិត្យសកម្មភាពក្រុមប្រចាំការអចិន្ត្រៃយ៍ នៅសាលាខេត្ត-ស្រុក-ក្រុង ក៏ដូចជាកម្លាំងក្រុមអន្តរាគមន៍ នៅថ្នាក់ ខេត្ត-ស្រុក-ក្រុង (នគរបាល, អាវុធហត្ថ, យោធា) ពិសេសនៅថ្នាក់ ឃុំ-សង្កាត់ និងបានជំរុញសកម្មភាពក្រុមការងារចុះមូល ដ្ឋាន ឃុំ-សង្កាត់ របស់គណៈបញ្ជាការឯកភាពខេត្ត រួមជាមួយក្រុមការងារគណៈបញ្ជាការឯកភាព រដ្ឋបាល ស្រុក-ក្រុង បានចុះធ្វើការងារត្រួតពិនិត្យពង្រឹង ក្រុមប្រជាការពារធ្វើសកម្មភាពចូលរួម យាមកាមការពារ ភូមិ-ឃុំ និងណែនាំដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាការពារ ទ្រព្យសម្បត្តិ មានកន្លែង ទុកដាក់សុវត្ថិភាព ត្រួតពិនិត្យ និងពង្រឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលបង្កើនសកម្ម ភាព ចុះប្រចាំការជាមួយក្រុមប្រជាការពារ អាជ្ញាធរ មូលដ្ឋានរួមធ្វើសកម្មភាពយាមកាមពេលយប់៕
Post a Comment