រដ្ឋបាលខេត្តព្រៃវែង ព្រះសង្ឃ​ រួរួមនិងពុទ្ធបរិស័ទ ទូរទាំងខេត្តព្រៃវែង បានប្រារព្ធពិធី បុណ្យវិសាខបូជា​ ដើម្បី រំលឹកគុណព្រះសម្មាសម្ពុទ្ធ

 ព្រៃវែង៖ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងព្រះសង្ឃ រួមជាមួយនឹងប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ប្រុស ស្រី បានរៀបចំពិធីបុណ្យវិសាខបូជាដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ។


ព្រះសរណនុរក្ខ័ធម្មធរ ចាន់ សុធា ព្រះគ្រូចៅអធិការវត្ត សំ សមី ក្រុងព្រៃវែង បានមានថេរៈដីការថា ពិធីបុណ្យវិសាខបូជានេះ ប្រារព្ធឡើង រំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធ ដោយហេតុ ៣ ប្រការ
១- ទ្រង់ប្រសូត្រចាកព្រះឧទរព្រះមាតា ។
ព្រះអង្គទ្រង់ប្រសូតិ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និងទេវទហៈ ។

២- ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ។
ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ ក្នុងព្រះជន្ម ៣៥ វស្សា ។

៣- ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន ។
ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់  វេលាជិតបច្ចូសសម័យ ជិតភ្លឺ មុនពុទ្ធសករាជ ១ថ្ងៃ ក្នុងព្រះជន្ម ៨០ ព្រះវស្សាគត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា ។

ព្រះសរណនុរក្ខ័ធម្មធរ ចាន់ សុធា មានថេរៈដីការបន្តថា ព្រះបរមសាស្រ្តាចារ្យ របស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វាន សុទ្ធ តែក្នុងថ្ងៃ ពេញបូណ៌មី ខែវិសាខ ទាំងអស់ ប្លែកគ្នាតែទីកន្លែង ថ្ងៃ និងឆ្នាំប៉ុណ្ណោះ  ។

ព្រះអង្គបន្ថែមថា បុណ្យវិសាខបូជា ជាបុណ្យមួយដ៏ធំក្នុង ព្រះពុទ្ធសាសនា ដោយប្រជាពុទ្ធ បរិស័ទ្ធ បាននាំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃបូជាទានធូប ផ្កាភ្ញី សម្រាប់ជាការនឹក រលឹកដឹងគុណដ៏ធំធេង នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូ និងបាននូវចំណែកបុណ្យកុសលផលបុណ្យដែលខ្លួនបានធ្វើនៅក្នុងថ្ងៃវិសាខបូជានេះផង  ដើម្បីរលាស់ខ្លួនឲ្យរួចចាកទុក្ខទោសទាំងពួងនោះផងដែរ។

នៅក្នុងឱកាសនោះផងដែរឯកឧត្តម អភិបាលខេត្តក៏បាន និមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន ៤៩០​ អង្គ​ គង់តាមបណ្តារវត្តទាំង១០ក្នុងក្រុងព្រៃវែង។ ដើម្បីបំពេញកុសលផលបុណ្យ និងឧទ្ទិសកុសលផលបុណ្យដល់ញាតិកាទាំងប្រាំពីរសណ្តានដែលបាក់បែកចែកឋានទៅកាន់លោកខាងមុខនោះឲ្យរួចចាកទុក្ខទោសទាំងពួងនោះផងដែរ៕
















Powered by Blogger.