រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី០៥ ខែវិច្ជិកា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាព ការងារ របស់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ដើម្បីពង្រឹងកិច្ចការងារទាំងអស់នោះឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងមាន៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៤- បញ្ហាផ្សេងៗ
ក្នុងនោះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវទួនាទីភារៈកិច្ចរបស់ខ្លួន ក៏ដូចជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន ណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាដល់សុខសុវត្ថិភាពការរស់នៅប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់។
ឯកឧត្តមណែនាំឲ្យមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យផ្លូវមួយខ្សែនៅក្នុងឃុំជ្រៃ ដែលតភ្ជាប់ជាមួយនឹងស្រុកមេសាង ដោយស្ថានភាពផ្លូវនោះមានសភាពពិបាក ដល់ប្រជាពលរដ្ឋនិងការធ្វើដំណើរ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់វិស័យអប់រំនៅក្នុងខេត្តព្រៃវែង ពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនសិស្សដែលប្រឡងជាប់និទ្ទេស A កាន់តែច្រើនឡើងៗ។ដែលទាំងនេះក៏បង្ហាញឲ្យឃើញអំពីវិស័យអប់រំនៅក្នុងខេត្តព្រៃវែងកាន់តែមានភាពខ្លាំងខ្លាផងដែរ៕
Post a Comment