ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារមត្តេយ្យសិក្សា និងអាគារសាលាបឋមសិក្សាហាតមុត ដំណាក់សេរី និងអាគារបឋមសិក្សា សាលាគោលដៅ ចំនួន ២៨ សាលា ក្នុងខេត្តចំនួន ៧ ខេត្ត ស្រុកកំចាយមារ ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារមត្តេយ្យសិក្សា និងបឋមសិក្សា ហាតមុត ដំណាក់សេរី និងអាគារបឋមសិក្សា សាលាគោលដៅ ចំនួន ២៨សាលា ក្នុងខេត្តចំនួន ៧ខេត្ត មាន៖ ខេត្តព្រៃវែង ៤សាលា, ខេត្តត្បូងឃ្មុំ ៤ សាលា, ខេត្តកំពងចាម ៣សាលា, ខេត្តក្រចេះ ៣សាលា, ខេត្តស្ទឹងត្រែង ៥សាលា, ខេត្តបន្ទាយមានជ័យ ៤ សាលា, និងខេត្តសៀមរាប ៦សាលា ដែលជាជំនួយរបស់លោកតា ហាតមុត គឺសេកេ (Mr. Hartmut Giesecke) តាមរយៈអង្គការកុមារកម្ពុជារីករាយ (HCC) ។


លោកតា ហាតមុត គឺសេកេ បានលើកឡើងថាការកសាង នៅសាលាមតេយ្យសិក្សា បឋមសិក្សា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្មេងៗកុមារាកុមារីមានចំណេះដឹង មានមូលដ្ឋានគ្រឹះក្នុងការ ត្រួតត្រាយបង្ហាញផ្លូវរបស់គាត់ឲ្យ គុណភាព នៃការទទួលបាននូវចំណេះដឹងរបស់គាត់កាន់តែមានប្រសិទ្ធភាពទទួលបាន ចំណេះដឹងខ្ពស់នៅពេលអនាគត របស់គាត់។ លោកតា បានបន្តទៀតថា ដំណើរការនៃការ អភិវឌ្ឍន៍កសាងនៅសាលាមតេយ្យសិក្សា បឋមសិក្សា នៅក្នុងប្រទេសកម្ពុជានេះ គឺបានការសហការគ្នារវាងអង្គការដៃគូក៏ដូចជា សប្បុរសជន ដែលបានចូលរួមចំណែកជាមួយគាត់ ជាថវិកាក្នុងការជួយកសាងនូវសាលាបឋមសិក្សា មតេយ្យសិក្សាដល់ក្មេងៗនៅក្នុងប្រទេសកម្ពុជាបានទទួលនូវចំណេះដឹង ខ្លាំងឡើងបន្ថែមទៀតនោះផងដែរ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្តែង សម្តេចបានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។

ឯកឧត្តម អភិសន្តិបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍គន្លឹះ ៤ចំណុច សម្រាប់អនុវត្តក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថាន សិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួលកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធានគន្លឹះទាំង៤ ទៅក្នុងស្តង់ដាសាលារៀនគំរូ និង រៀបចំសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ២០២៣-២០២៨ ចំនួន ៤ចំណុចបន្ថែមទៀត រួម មាន៖ ទី៥.ការអប់រំឌីជីថល ទី៦. ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ទី៧. ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងទី៨. ការអភិវឌ្ឍការអប់រំកាយ និងកីឡា។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលារៀនគំរូ សម្តេចមហាបវរធិបតី»សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដាសាលារៀនគំរូ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ៕



















Powered by Blogger.