ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម!
ថ្លែងក្នុងពិធីសំណេះសំណាល
និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង ២ ៣០០នាក់
ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព
ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី
ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា
មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន
បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ
នៅស្រុកកំចាយមារ នេះស្រាប់។
ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុករោងចក្រ
ដែលមាននៅក្នុងមូលដ្ឋានស្រុកកំចាយមារនេះថា
ក៏មិនខុសពីរោងចក្រតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរ
គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព
និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស
ប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់។ ក្នុងន័យនេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តបងប្អូនកម្មករ
កម្មការិនី ខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌ
នៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា
ចូលរួមថែរក្សារាល់សម្ភារៈ និងរាល់មធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ
ក្នុងន័យចាត់ទុករោងចក្រ ប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន
ពោលគឺកម្មករ និងថៅកែ ត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។
ខណៈបងប្អូនកម្មករ
កម្មការិនី ជាអង្គពិធី ភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដូចគ្នាឱ្យបងប្អូនកម្មករ
កម្មការិនីទាំងអស់ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរតាមផ្លូវ
ទៅមកធ្វើការ សូមបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ
ចូលរួមប្រព្រឹត្តនូវសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង
និងសហការជាមួយអាជ្ញាធរ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ដើម្បីបង្កើតភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ ឯកឧត្តម សង្កត់ធ្ងន់ថា
សកម្មភាពរួមចំណែកធ្វើអំពើល្អម្នាក់បន្តិចៗ របស់ប្រជាពលរដ្ឋជារួម
និងក្នុងនោះក៏មានបងប្អូនកម្មករ កម្មការិនីដែរនោះ
គឺជាការបញ្ជាក់អំពីភាពសុខសាន្តជារួម
និងលទ្ធផលដ៏ល្អនៃការប្រព្រឹត្តទៅរបស់សង្គមក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
និងលោកជុំទាវ កែ សួនសុភី ស សុខា ក៏បានឧបត្ថម្ភថវិកាជូនដល់កម្មករ កម្មការិនី
ចំនួន ២ ២២៣នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៤ម៉ឺនរៀល
និងកម្មការិនីមានផ្ទៃពោះ ចំនួន ១០១នាក់ ក្នុងម្នាក់ៗថវិកា ចំនួន
១៤ម៉ឺនរៀលផងដែរ៕
Post a Comment