ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់ម៉ូតូដល់សិស្សនិទ្ទេស A ក្នុងខេត្តព្រៃវែង និងថ្លែងរំឭកពីអតីតកាលដែលពលរដ្ឋ ធ្វើបុណ្យអបអរស្ពានឆ្លងអូរ ប្រវែងជាងដប់ម៉ែត្រ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងស្រុកព្រះស្តេច
ព្រៃវែង
៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងផ្តល់ជូនម៉ូតូ ចំនួន ១គ្រឿង
សម្រាប់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ម្នាក់
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ នៅទូទាំងខេត្តព្រៃវែង។ ការថ្លែងបែបនេះ
ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨
៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច នាព្រឹកថ្ងៃទី១២
ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា បានរំឭកពីអតីតកាលមួយនៅកម្ពុជា ក្រោយសម័យខ្មែរក្រហម
ពោលគឺនៅក្នុងអំឡុងពេលដែលឯកឧត្តម មានអាយុជាង ១០ឆ្នាំ
បានចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង ជាឪពុក ក្នុងពិធីឆ្លងស្ពានឈើមួយ
នៅខេត្តបាត់ដំបង ប្រវែងត្រឹមតែជាង១០ម៉ែត្រ ប៉ុន្តែមានពលរដ្ឋ
ចូលរួមធ្វើបុណ្យអបអរសាទររាប់រយនាក់។
ត្រង់ចំណុចនេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្តថា
ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើកិច្ចការពារ ថែរក្សាសុខសន្តិភាព
ដែលផ្តល់អំណោយផលដល់ការអភិវឌ្ឍជាតិ
តាំងពីក្រោយសម័យខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន។
ជាក់ស្តែងនៅក្រោយសម័យខ្មែរក្រហម
ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិត្រូវបានបំផ្លាញទាំងស្រុងនោះ ប្រជាពលរដ្ឋ
ធ្វើដំណើរមានការលំបាក ដូចដែលចាស់ទុំ បានឆ្លងកាត់រួច និងពិតជាដឹងច្បាស់ថា
សមិទ្ធផលដែលមនុស្សជំនាន់នេះ អាចមើលឃើញត្រឹមស្ពានឈើ
ឬស្ពានបេតុងឆ្លងអូរខ្លីៗនោះ ប៉ុន្តែសម្រាប់ស្ថានភាពកម្ពុជា
ក្រោយសង្គ្រាមនាអតីតកាល វាជាសមិទ្ធផលកម្រមួយដែលគ្រប់គ្នាចង់បាន ចង់ឃើញ
និងរីករាយបំផុត។
បើធៀបមកដល់បច្ចុប្បន្ន
ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានរំលេចថា
ផ្លូវដែលបើកការដ្ឋានស្ថាបនា នាឱកាសនេះជាដើម
គ្រាន់តែជាផ្នែកតូចមួយក្នុងចំណោមសមិទ្ធិផលជាច្រើននៃរាជរដ្ឋាភិបាល
តាំងពីនីតិកាលសម្តេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ន
ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
ដែលបាននិងកំពុងអភិវឌ្ឍជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ
ដែលចាត់ទុកផ្លូវជាអាទិភាព ទាំងក្នុងយុទ្ធសាស្ត្រចតុកោណ
និងយុទ្ធសាស្រ្តបញ្ចកោណ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ
ក៏ដូចជារំឭកដល់ឯកឧត្ដម ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទទួលបន្ទុកលើការដឹកនាំស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពេលនេះ
សូមបង្កើនការដាក់ពង្រឹងគុណភាពនៃការស្ថាបនា ខណៈប្រជាពលរដ្ឋ
ក៏ត្រូវចូលរួមថែរក្សាផ្លូវនេះតាមរយៈការមិនចាក់ដីរំលោភ
លើចិញ្ចើមផ្លូវថ្នល់ដែលនាំឱ្យដក់ទឹក ការមិនដឹកទំនិញលើសទម្ងន់
និងការចូលរួមធ្វើសេចក្ដីរាយការណ៍មកអាជ្ញាធរ
ក្នុងករណីមានសកម្មភាពណាមួយធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវ។
នាឱកាសនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់
ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង
ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ
និងកងកម្លាំងនគរបាលនោះឡើយ ពោលគឺមានពលរដ្ឋ
ចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល
ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមប្រជាការពារ
ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង
និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព
ជួយគាំទ្រជ្រោមជ្រែងកូនចៅ ឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម។
សូមបញ្ជាក់ថា
នៅក្នុងស្រុកព្រះស្តេច មានផ្លូវសរុបចំនួន ១៤៨ខ្សែ ដែលក្នុងនោះរួមមាន៖
ផ្លូវកៅស៊ូ ប្រភេទ AC ចំនួន ២ ខ្សែ ប្រវែង ៤៦,៨៧៥ ម៉ែត្រ ផ្លូវកៅស៊ូ ប្រភេទ
DBST ចំនួន ១២ ខ្សែ ប្រវែង ១១២,០៧១ម៉ែត្រ ផ្លូវបេតុង ចំនួន ៤ ខ្សែ ប្រវែង
៣,៤១២ ម៉ែត្រ និងផ្លូវដី ស ក្រាលខ្សាច់ភ្នំ ចំនួន ១៣០ ខ្សែ។
ចំពោះផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ
ដែលបើកការដ្ឋានស្ថាបនានាព្រឹកនេះ ជាប្រភេទផ្លូវដី
មានទីតាំងបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ៨៣+៣០០
ខាងស្តាំដៃស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម
ដល់ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅទល់នឹងផ្លូវលេខ ៣១២A
ភ្ជាប់ទៅច្រកអន្តរជាតិបន្ទាយចក្រី ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម៕
Post a Comment