ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់ម៉ូតូដល់សិស្សនិទ្ទេស A ក្នុងខេត្តព្រៃវែង និងថ្លែងរំឭកពីអតីតកាលដែលពលរដ្ឋ ធ្វើបុណ្យអបអរស្ពានឆ្លងអូរ ប្រវែងជាងដប់ម៉ែត្រ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងស្រុកព្រះស្តេច

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងផ្តល់ជូនម៉ូតូ ចំនួន ១គ្រឿង សម្រាប់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ម្នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ នៅទូទាំងខេត្តព្រៃវែង។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំឭកពីអតីតកាលមួយនៅកម្ពុជា ក្រោយសម័យខ្មែរក្រហម ពោលគឺនៅក្នុងអំឡុងពេលដែលឯកឧត្តម មានអាយុជាង ១០ឆ្នាំ បានចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង ជាឪពុក ក្នុងពិធីឆ្លងស្ពានឈើមួយ នៅខេត្តបាត់ដំបង ប្រវែងត្រឹមតែជាង១០ម៉ែត្រ ប៉ុន្តែមានពលរដ្ឋ ចូលរួមធ្វើបុណ្យអបអរសាទររាប់រយនាក់។

ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើកិច្ចការពារ ថែរក្សាសុខសន្តិភាព ដែលផ្តល់អំណោយផលដល់ការអភិវឌ្ឍជាតិ តាំងពីក្រោយសម័យខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងនៅក្រោយសម័យខ្មែរក្រហម ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិត្រូវបានបំផ្លាញទាំងស្រុងនោះ ប្រជាពលរដ្ឋ ធ្វើដំណើរមានការលំបាក ដូចដែលចាស់ទុំ បានឆ្លងកាត់រួច និងពិតជាដឹងច្បាស់ថា សមិទ្ធផលដែលមនុស្សជំនាន់នេះ អាចមើលឃើញត្រឹមស្ពានឈើ ឬស្ពានបេតុងឆ្លងអូរខ្លីៗនោះ ប៉ុន្តែសម្រាប់ស្ថានភាពកម្ពុជា ក្រោយសង្គ្រាមនាអតីតកាល វាជាសមិទ្ធផលកម្រមួយដែលគ្រប់គ្នាចង់បាន ចង់ឃើញ និងរីករាយបំផុត។

បើធៀបមកដល់បច្ចុប្បន្ន ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានរំលេចថា ផ្លូវដែលបើកការដ្ឋានស្ថាបនា នាឱកាសនេះជាដើម គ្រាន់តែជាផ្នែកតូចមួយក្នុងចំណោមសមិទ្ធិផលជាច្រើននៃរាជរដ្ឋាភិបាល តាំងពីនីតិកាលសម្តេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងអភិវឌ្ឍជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ដែលចាត់ទុកផ្លូវជាអាទិភាព ទាំងក្នុងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ក៏ដូចជារំឭកដល់ឯកឧត្ដម ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកលើការដឹកនាំស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពេលនេះ សូមបង្កើនការដាក់ពង្រឹងគុណភាពនៃការស្ថាបនា ខណៈប្រជាពលរដ្ឋ ក៏ត្រូវចូលរួមថែរក្សាផ្លូវនេះតាមរយៈការមិនចាក់ដីរំលោភ លើចិញ្ចើមផ្លូវថ្នល់ដែលនាំឱ្យដក់ទឹក ការមិនដឹកទំនិញលើសទម្ងន់ និងការចូលរួមធ្វើសេចក្ដីរាយការណ៍មកអាជ្ញាធរ ក្នុងករណីមានសកម្មភាពណាមួយធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោលគឺមានពលរដ្ឋ ចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅ ឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម។

សូមបញ្ជាក់ថា នៅក្នុងស្រុកព្រះស្តេច មានផ្លូវសរុបចំនួន ១៤៨ខ្សែ ដែលក្នុងនោះរួមមាន៖ ផ្លូវកៅស៊ូ ប្រភេទ AC ចំនួន ២ ខ្សែ ប្រវែង ៤៦,៨៧៥ ម៉ែត្រ ផ្លូវកៅស៊ូ ប្រភេទ DBST ចំនួន ១២ ខ្សែ ប្រវែង ១១២,០៧១ម៉ែត្រ ផ្លូវបេតុង ចំនួន ៤ ខ្សែ ប្រវែង ៣,៤១២ ម៉ែត្រ និងផ្លូវដី ស ក្រាលខ្សាច់ភ្នំ ចំនួន ១៣០ ខ្សែ។ ចំពោះផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ដែលបើកការដ្ឋានស្ថាបនានាព្រឹកនេះ ជាប្រភេទផ្លូវដី មានទីតាំងបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ៨៣+៣០០ ខាងស្តាំដៃស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅទល់នឹងផ្លូវលេខ ៣១២A ភ្ជាប់ទៅច្រកអន្តរជាតិបន្ទាយចក្រី ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម៕































Powered by Blogger.