ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានបេសកកម្ម IOM សរសើរនិងលើកទឹកចិត្តចំពោះការខិតខំរបស់កម្ពុជា
ក្នុងកិច្ចជំនួបជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង
នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Nellie GUSAYNI
ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា (IOM)
ថ្លែងដោយមិនអល់អែកថា ក្នុងនាមជាជនជាតិលីបង់ ម្នាក់ លោកស្រី
ដឹងនិងយល់អំពីទុក្ខលំបាករបស់ប្រទេស ដែលមានសង្គ្រាមស៊ីវិល
ព្រមទាំងបញ្ហាជាច្រើន ដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ ហើយលោកស្រី
បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា កន្លងមក។
លោកស្រី
Nellie GUSAYNI បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៀតថា លោកស្រី
ទទួលស្គាល់ថា បញ្ហាជួញដូរមនុស្ស មានវិសាលភាពធំធេង
និងជាការគំរាមកំហែងពិភពលោក មិនមែនតែប្រទេសកម្ពុជាតែមួយគត់ឡើយ និងថាបញ្ហានេះ
មិនអាចដោះស្រាយបាន ដោយផ្អែកតែលើរាជ ឬរដ្ឋាភិបាល នៃប្រទេសមួយនោះឡើយ
គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស។
ក្នុងឱកាសនោះដែរ
លោកស្រី Nellie GUSAYNI
ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា
ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត។
លោកស្រី ក៏បានគូសបញ្ជាក់
និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ
ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
ឯកឧត្ដមអភិសន្តិបណ្ឌិត
ស សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធានបេសកកម្ម
និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ
រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM
ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស
និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់
បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណអង្គការ IOM
ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា
រហូតទទួលស្គាល់ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក
សម្រាប់ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM)
នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ
និងការប្រជុំផ្លាស់ប្តូរយោបល់ ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM
និងការគាំទ្រឱ្យកម្ពុជា ធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ
ពាក់ព័ន្ធទេសន្តរប្រវេសន៍ ក្នុងតំបន់
និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។
ក្នុងជំនួបនេះផងដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Nellie GUSAYNI
បានអបអរសាទរចំពោះវឌ្ឍនភាព
និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម
និងសង្ឃឹមយ៉ាងម៉ុតមាំថាកិច្ចសហការដ៏ស្អិតល្មួតរវាងអង្គការ IOM
និងរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តទៅមុខទៀត៕
Post a Comment